ព័ត៌មានជាតិ

សម្តេចតេជោ៖ មនុស្សដូច ហ៊ុន សែន តាំងពីកុមារ មិនអាចមាននរណា​ មកវាយក្បាលបានទេ

រូបភាព៖ Telegram Samdach Hun Sen of Cambodia

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអះអាងថា តាំងពីតូចរហូតមកដល់ពេលនេះ មិនធ្លាប់មាននរណាម្នាក់ មកវាយក្បាលសម្ដេចនោះទេ ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើង ក្នុងឱកាសអញ្ជើញ​បិទបញ្ចប់ កញ្ចក់កាំមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ។

ការលើកឡើងទាក់ទិន នឹងការវាយក្បាល ឬប៉ះក្បាលបែបនេះ បន្ទាប់ពីសម្តេចបានទស្សនា ភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់ឈុតឆាកមួយ ដែលមានការចាក់ស្រា លើក្បាលតួប្រុស ជាតួសម្តេចតេជោផ្ទាល់តែម្តង ដោយកុំឲ្យមានការភាន់ច្រឡំ សម្តេចបានចេញមកអះអាងថា ជាការធ្វេសប្រហែសរបស់សម្តេចផងដែរ ត្រង់ឈុតឆាកនេះ ។
សម្តេចតេជោ បានអះអាងថា “រឿងជីវិតក្មេងវត្ត ត្រង់ចំណុចមានគេយកស្រាចាក់លើក្បាលរបស់ខ្ញុំជាក្មេងវត្ត ។ កាលហ្នឹងខ្ញុំដូចជាពិនិត្យដែរ តែដូចជាភ្លាត់ មនុស្សដូច ហ៊ុន សែន ណា ដល់ឲ្យគេយកស្រាមកចាក់លើក្បាល” ។

ត្រង់ឈុតឆាកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា បានបង្ហាញពីវប្បធម៌មិនគោរព ដោយសម្តេចបញ្ជាក់ថា សម្តេចសូមទិតៀនឈុតឆាកនេះបន្តិច ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អារឿង បញ្ហាត្រង់វគ្គត្រង់នេះ (ឈុតឆាកចាក់ស្រាលើក្បាល) ខ្ញុំដូចជាធ្លោយកន្លែងហ្នឹង ស្រាប់តែឃើញចាក់ស្រាលើក្បាល ខ្ញុំថាស្រេច មនុស្សដូច ហ៊ុន សែន តាំងពីកុមារ មិនអាចមាននរណាមកវាយក្បាល ហ៊ុន សែន ​បានទេ រហូតដល់ពេលនេះ” ៕

To Top