ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យពលរដ្ឋ ឬនិស្សិតខ្មែរ កុំរត់ចោលប្រជាជនអ៊ីស្រាអែល ខណៈសម្តេចបានវាយ តម្លៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នេះ ដូចទៅនឹងព្រឹត្តិការណ៍ កូរ៉េខាងជើងចង់វាយកូរ៉េខាងត្បូង និងស្ថានភាពផ្ទុះជំងឺកូវីដ១៩នៅប្រទេសចិន ។
សារអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”នៅ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្តេចតេជោ មានប្រសាសន៍ថា “ក្នុងប៉ុន្មានថ្ងៃនេះ យើងមានរឿងរ៉ាវ កើតនៅអ៊ីស្រាអែល នោះនៅត្រង់ថា យើងកំពុងតាមដានជាបន្ត ដោយនាយករដ្ឋមន្ត្រី (សម្តេចធិបតី ហ៊ុន ម៉ាណែត) បណ្តារដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធ កំពុងតាមដានយ៉ាងដិតដល់ នូវព្រឹត្តិការណ៍នេះ មានអ្នកលើកឡើង ដូចកាលពីឆ្នាំ២០១៣- ២០១៤ ទៀតហើយ នៅពេលនោះ អ្នកទាំងអស់គ្នាអាចនៅចាំបានថា កូរ៉េខាងជើងត្រៀម គំរាមកំហែងវាយប្រហារកូរ៉េខាងត្បូង ប្រទេសមួយចំនួន នៅក្នុងតំបន់ បានប្រកាសថា ត្រៀមយន្តហោះ ដើម្បីទៅដឹកប្រជាជនរបស់គេ ចេញពីកូរ៉េខាងត្បូង ក្នុងពេលដែលក្រុមប្រឆាំង បានចោទមកលើខ្ញុំថា គ្មានទុក្ខកង្វល់អ្វី គ្មានគិតគូរអ្វីទៅលើពលករ ដែលរស់នៅកូរ៉េខាងត្បូង” ។
ចំពោះករណីស្រដៀងគ្នានេះ សម្តេចតេជោ បានលើកឡើងថា “អំពាវនាវចំពោះពលករយើង ដែលនៅកូរ៉េខាងត្បូង សូមកុំរត់ចោល ប្រជាជនកូរ៉េខាងត្បូង ត្រូវរស់នៅជាមួយប្រជាជនកូរ៉េខាងត្បូង ឥឡូវករណីដូចគ្នា ប្រទេសមួយចំនួនត្រៀមយន្តទៅដឹក និស្សិតរបស់គេ ពលកររបស់គេពីអ៊ីស្រាអែល អម្បាញ់មិញ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ ព្រោះប្រជាជនអ៊ីស្រាអែល គេរស់នៅរបៀបណា គឺរស់នៅរបៀបហ្នឹង យើងបានធ្វើរួមទាំងខ្ញុំ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីកសិកម្ម ដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើរពេញមួយយប់ រដ្ឋមន្ត្រីអប់រំ បានធ្វើការងារ នេះ ជាអកុសល និស្សិតយើងម្នាក់បានស្លាប់ ឥឡូវយើងកំពុង តាមដានពិនិត្យមើល អំពីសុវត្ថិភាព នៃពលរដ្ឋរបស់យើង នៅឯប្រទេស អ៊ីស្រាអែល ប្រសិនបើប្រជាជនរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឲ្យយើងចាកចេញទេ យើងកុំចាកចេញ រត់ចោលប្រជាជនអ៊ីស្រាអែល” ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា “ករណីដូចគ្នានៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៣ -២០១៤ ឥឡូវនេះ ករណីកើតឡើងនៅអ៊ីស្រាអែល ប្រសិនបើរត់ចោល ប្រជាជនអ៊ីស្រាអែល ក្នុងពេល ដែលប្រជាជនអ៊ីស្រាអែល ជួបការលំបាក ថ្ងៃក្រោយ កុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការ នៅប្រទេសអ៊ីស្រាអែល តទៅទៀត វាជាករណីដូចគ្នា កាលពីជំនាន់កូវីដ ដើមឆ្នាំ២០២០ ប្រទេសមួយចំនួន យកយន្តហោះពលរដ្ឋរបស់គេ ចេញពីប្រទេសចិន ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំទៅកាន់ប្រទេសចិន ដើម្បីជូនសារអំពីការសាមគ្គីភាព ជាមួយប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយផ្នែក មួយផ្នែកជូនសារ ទៅនិស្សិតកម្ពុជា សូមឲ្យបន្តរស់នៅជាមួយប្រជាជនចិន ក្នុងកាលៈទេសៈ ដ៏លំបាក” ។
ក្នុងនាមជាឪពុក របស់នាយករដ្ឋមន្ត្រី និងធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើនកន្លងមក សម្ដេចតេជោ បានផ្ដល់យោបល់ថា “ខ្ញុំសូមផ្តល់ជាយោបល់ ឲ្យរាជរដ្ឋាភិបាល ឲ្យនាយករដ្ឋមន្ត្រីក្នុងករណី ដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋ និស្សិតកម្ពុជា ចេញ យើងកុំខ្លាច នៅក្នុងការចំណាយ ប្រាក់កាស ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើង ជាង៤០០នាក់ ចាកចេញ ពីប្រទេសអ៊ីស្រាអែល ប៉ុន្តែខ្ញុំជឿជាក់ថា អ៊ីស្រាអែល គាត់នឹងមិនមានសំណូមពរបែបនេះ ចំពោះយើងនោះទេ” ៕