ភ្នំពេញ ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណី មានការតម្រូវឱ្យកម្ពុជា ជម្លៀសនិស្សិត និងពលរដ្ឋខ្មែរជាង ៤០០នាក់ ចេញពីអ៊ីស្រាអែល កម្ពុជា មិនខ្លាច ក្នុងការចំណាយថវិកា ដើម្បីជួលយន្តហោះទៅដឹក ពលរដ្ឋរបស់ខ្លួនត្រឡប់មកកម្ពុជា វិញនោះទេ ។
ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់ប្រកាសឲ្យជនបរទេស រួមទាំងប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅអ៊ីស្រាអែល ចាកចេញពីប្រទេសខ្លួនឡើយ។
នាឱកាសអញ្ជើញបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើតាមការបញ្ជាក់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ រាជរដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពយកយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋនោះទេ ខណៈរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងតាមដានដោយយកចិត្តទុកដាក់បំផុតលើព្រឹត្តិការណ៍វាយប្រហារគ្នានៅអ៊ីស្រាអែល។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ សូមផ្ដល់ជាយោបល់ឲ្យរាជរដ្ឋាភិបាល ឲ្យនាយករដ្ឋមន្ដ្រី ក្នុងករណីដែល រដ្ឋាភិបាលអ៊ីស្រាអែល ថា ចាំបាច់ ត្រូវតែជម្លៀសប្រជាពលរដ្ឋ និស្សិត កម្ពុជា ចេញ យើងកុំខ្លាច ជាមួយនឹងការ ចំណាយប្រាក់ ជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិត និងពលរដ្ឋរបស់យើងជាង ៤០០នាក់ ចាក់ចេញពីអ៊ីស្រាអែល។ ប៉ុន្ដែខ្ញុំ មិនជឿថា អ៊ីស្រាអែល គាត់មិនសំណូមពរបែបនេះចំពោះ យើងនោះទេ»។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាន នៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះ រហូតដល់បាត់បង់ជីវិត ៕