ព័ត៌មានជាតិ

កុមារីអាយុ២ឆ្នាំម្នាក់ទៀត នៅខេត្តព្រៃវែងបានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

ភ្នំពេញ៖កុមារីអាយុ២ឆ្នាំ១កណីទៀតបានស្លាប់ និងត្រូវបានបញ្ជាក់ថាវិជ្ជមាន វីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។កុមារីរូបនេះមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារីមានមាន់ងាប់ជាហូរហែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ៕

To Top