ភ្នំពេញ ៖ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី១១ តុលានេះថា រដ្ឋាភិបាលវៀតណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត ជាពិសេសវិស័យការពារជាតិ និងសន្តិសុខ ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានរបស់ លោកឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ជាឱកាសដើម្បីពិភាក្សា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ។

ជាមួយគ្នានេះ លោក ង្វៀន ហ៊ុយតាំង បានការកោតសរសើរ ចំពោះការអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកអគ្គរដ្ឋទូតបញ្ជាក់ថា “រដ្ឋាភិបាលវៀតណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត» ។
ជាពិសេសទៀតនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ និងបានផ្តោតការពិភាក្សា អំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ៕
