ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាថា ចំណងការទូត កម្ពុជា -ឡាវ មានត្រឹម ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានលក្ខណៈជាប្រវត្តិសាស្ត្រយូរអង្វែង ។
ក្នុងជំនួបនារសៀលថ្ងៃទី១១តុលានេះ លោក បួរកែវ ភូមិវង្សសៃ បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជា នឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រ អស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន រីកលូតលាស់ទៅមុខ បន្ថែមពីលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាហកម្ម ជាដើម ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭក អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបមុនៗរវាង សម្តេចធិបតី ជាមួយនឹង លោកនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដង នៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា “ពិតមែនតែចំណងការទូតផ្លូវការ រវាងប្រទេសទាំងពីរ មានរយៈពេលតែ ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង” ។
ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយ លោកប្រធានាធិបតីឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ក្នុងមុខតំណែង ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ របស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២ ដោយកាលនោះប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងរដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជន នៃប្រទេសទាំងពីរ ។
ក្នុងនោះផងដែរ សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម (CLV)” ដែលត្រូវបានរៀបចំឡើង កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។
សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅ នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ផ្លូវ ជាដើម៕