ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តកិច្ចសហការ​ លើវិស័យសន្តិសុខ

ភ្នំពេញ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ, លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម។

លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងបែបនេះនាឱកាសអនុញ្ញាតជូន លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានសម្ដែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋកម្ពុជា។

លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានថ្លែងអំណរគុណ និងជូនពរ គណៈប្រតិភូក្រសួងនគរបាលវៀតណាម សូមសម្រេចបានជោគជ័យក្នុងបេសកកម្មបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៣៕

To Top