ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ពិនិត្យស្ថានភាព ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឆ្លងកាត់ ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលបើកសាកល្បង ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបនេះដែលបានជួយសម្រួលចរាចរ ចំណាយពេលវេលាតិច និងចំណាយថវិកាតិច សម្រាប់បងប្អូនទៅលេងស្រុកកំណើត ជាពិសេសដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។
លោកអភិបាលរាជធានី បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានខ្សែកាបថ្មីនេះ ធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំការឯកភាព ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕



















