ព័ត៌មានជាតិ

កម្ពជា-តួកគី ប្ដេជ្ញាបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារ

ភ្នំពញ៖ កម្ពុជា-តួកគី បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។

ការប្ដេជ្ញាចិត្តរវាងភាគីកម្ពុជា-តួកគី ធ្វេីឡេីងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ūlkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជានិងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ។ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកស្រី ហIkú Kocaefe បានគូសបញ្ជាក់ថាតួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងស្មោះសរចំពោះរដ្ឋាភិបាលតួកគីសម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីនវក ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការជួយដល់កម្ពុជាជាពិសេសការបន្តកិច្ចសហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ រួមមានការផ្តល់អាហារូបករណ៍និងការបណ្ដុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

To Top