ព័ត៌មានជាតិ

ក្រុមហ៊ុនចិន ប្តេជ្ញាបង្កើនទុនវិនិយោគ ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ថ្លែងប្រាប់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងប៉េកាំងថា ក្រុម​ហ៊ុន​របស់លោកនឹងបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែក​ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិចាស់ និងអាណត្តិថ្មី ដែលបានគាំទ្រ ដល់ការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។

យោងតាមបណ្តាញសង្គមតេឡេក្រាម​ របស់សម្តេចធិបតី បានបញ្ជាក់ថា ” លោកលោក ចូវ ឡី ក៏បានបង្ហាញនូវជំនឿជឿជាក់​ លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគ ចំនួន ៦០០ លានដុល្លារអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពល​ ពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគ ​លើគម្រោងក្នុងវិស័យថាមពល​ នៅព្រះរាជាណាចក្រកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ ។ ទន្ទឺមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្ត ចំពោះគម្រោងវិយោគផ្សេងទៀត របស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធ​ នឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ផ្តោតការយកចិត្តទុកដាក់លើការវិនិយោគ ផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀត ដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕

To Top