ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការ និងអនុញ្ញាតឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាង គ.ជ.ប ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងស់ម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ តុលា បានឲ្យដឹងថា គ.ជ.ប បានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទ ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាង គ.ជ.ប ក្នុងការចុះឈ្មោះបោះឆ្នោត ជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងមុខតំណែងនៃ ឃុំ-សង្កាត់ នីមួយៗ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្រសួងបញ្ជាក់ថា «ក្នុងន័យនេះ ដើម្បីធានាឲ្យកិច្ចដំណើរការ នៃការចុះឈ្មោះបោះឆ្នោតជូន អ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងមុខតំណែងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្ត ទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន»។
ក្រសួងបន្ថែមថា អភិបាលរាជធានី-ខេត្ត ត្រូវណែនាំដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាង គ.ជ.ប ក្នុងការចុះឈ្មោះបោះឆ្នោត ជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងនៃឃុំ សង្កាត់សាមី សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»។
ក្រសួងបន្ដថា ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង រួចបញ្ជូនមក អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់អនុលោមភាព៕