ព័ត៌មានជាតិ

អ៊ីស្រាអែល ​ជម្លៀស​ប្រជាជន​ នៅ​ភាគ​ខាងជើងប្រទេស ​ចំពេល​មាន​ភាព​តានតឹង តាម​ព្រំដែន​ជាមួយ​​លីបង់

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចាប់ផ្តើមជម្លៀសប្រជាជន នៅភាគខាងជើងកាលពីថ្ងៃចន្ទ ចំពេលមានជម្លោះកាន់តែខ្លាំងឡើង ជាមួយក្រុមយោធាហេសបូឡា របស់ប្រទេសលីបង់ នៅក្នុងតំបន់ព្រំដែន។

ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ បានឃើញការកើនឡើងនៃ ភាពតានតឹងចាប់តាំងពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា​ បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅលើទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់ការវាយលុកដោយ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) លើអ៊ីស្រាអែលកាល ពីថ្ងៃទី០៧ ខែតុលា។ ​

ក្រុមហេសបូឡា កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនបានកំណត់គោលដៅលើទីតាំងអ៊ីស្រាអែលចំនួន ៥ ជាមួយនឹងគ្រាប់បែកដៃ ដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងយន្ត និងបានធ្វើឱ្យអ៊ីស្រាអែល រងរបួស ដែលអ៊ីស្រាអែល បានឆ្លើយតបដោយការបាញ់កាំជ្រួចចំនួន ៧ គ្រាប់ទៅកាន់ទីតាំងរបស់ក្រុមហេសបូឡា នៅក្នុងទីក្រុងព្រំដែន Rmeish និងការបាញ់ផ្លោងតំបន់លីបង់ ជាច្រើនគ្រាប់ទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រាប់អ្នកស្រុកនៃទីក្រុងចំនួន ២៨ ដែលរស់នៅក្នុងចម្ងាយ ២ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល-លីបង់ ឱ្យជម្លៀសចេញ ដោយបន្ថែមថា អ្នកស្រុកនឹងស្នាក់នៅផ្ទះសំណាក់ ដែលឧបត្ថម្ភដោយរដ្ឋ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេចាមីន ណេតាន់យ៉ាហ៊ូ បាន​ព្រមាន​អ៊ីរ៉ង់ និង​ក្រុម ហេបូឡា ដែល​គាំទ្រ​មិន​ឱ្យ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បាន​ឲ្យដឹងនៅក្នុងសភាអ៊ីស្រាអែលថា “យើងមានសារមួយ សម្រាប់អ៊ីរ៉ង់ និងហេសបូឡាថា កុំសាកល្បងពួកយើងនៅភាគខាងជើង។ កុំធ្វើម្តងទៀតនូវកំហុសពីមុនរបស់អ្នក ព្រោះតម្លៃ ដែលអ្នកត្រូវបង់នឹងមានចំនួនច្រើន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top