ភ្នំពេញ៖ ក្នុងឱកាសទទួលជួបនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៧ តុលា នៅហាណូយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-វៀតណាម បន្តរក្សាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាថែរក្សាសន្តិភាព ស្ថិរភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ជំនួបនេះគឺដើម្បីបង្កើនភាពជិតស្និទ្ធ និងបន្តពង្រឹងពង្រីកទំនាក់ទំនង ជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជានេះ នឹងទទួលជោគជ័យ និងបង្កើតការលើកទឹកចិត្តដ៏ខ្លាំងក្លា សម្រាប់សកម្មភាពសហប្រតិបត្តិការយោធា និងការពារជាតិ រវាងប្រទេសទាំងពីរនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផល ដែលប្រជាពលរដ្ឋកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលបន្ថែមទៀត ៕


