ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់ ក្នុងការបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេសការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទ ឲ្យមានការរីកចម្រើនថែមទៀត ។
ការលើកឡើងរបស់ប្រមុខការពារជាតិវៀតណាមនេះ ធ្វើឡើងនៅចំពោះមុខនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅវៀតណាម ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការក៏មានជំនួបជាមួយនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង នាថ្ងៃទី១៧ តុលា នៅទីក្រុងហាណូយផងដែរ ។
ដោយក្នុងជំនួបនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ ខណៈនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង ក៏បានបញ្ជាក់មកវិញថា កងទ័ពប្រជាជនវៀតណាម នៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេស ការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនថែមទៀត។
ទន្ទឹមនោះដែររដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏បានលើកទឹកចិត្តកងទ័ពប្រទេសទាំងពីរ បន្តរួមសហការគ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោកថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ៕