ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះចៅអធិរាជ គ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Sairman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី មួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន ។
កិច្ចប្រជុំកំពូលនេះគឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ៖
(១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)។
អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទភាគី ជាមួយឥស្សរជនបរទេស មួយចំនួន នៅរាជធានីរិយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងម្ពុជានិងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ៕