ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣,០៤០នាក់ សម្រាប់សង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ខាងមុខនេះ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ACU នាថ្ងៃទី១៧ តុលា បានឲ្យដឹងថា «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អង្គភាព ប្រឆាំងអំពើពុករលួយ នឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត (មានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ដើម្បីសង្កេតការណ៍ដំណើរការប្រឡង ចំនួនសរុប ៣.០៤០ នាក់ ដែលបែងចែកតាមរាជធានី និងខេត្ត»។
ACU បន្ដថា លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដូចជា៖ មានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ ,មានអាសយដ្ឋានស្នាក់នៅនៅរាជធានី ឬខេត្ត ដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត, មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណស្ម័គ្រចិត្តដោយខ្លួនឯង រាប់ទាំងមធ្យោបាយធ្វើដំណើរផង។
ACU បន្ថែមថា ត្រូវគោរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ដឹកនាំ ប្រគល់ភារកិច្ចរបស់ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសគោរពបាន យ៉ាងខ្ជាប់ខ្ជួនបទប្បញ្ញត្តិ សេចក្តីណែនាំ យល់តួនាទីភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៕