ភ្នំពេញ៖ លោក វ៉ូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាវៀតណាម បានអះអាងថា ប្រទេសខ្លួនបានបោះទុនវិនិយោគ ជាង៣ពាន់លានដុល្លារ នៅតំបន់ត្រីកោណ ក្នុងនោះ ១.៦៧៩ពាន់លានដុល្លារស្ថិតក្នុងខេត្តរបស់កម្ពុជា និង២.០៥២ពាន់លានដុល្លារក្នុងខេត្តរបស់ឡាវ។
ការអះអាងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) នៅថ្ងៃ១៨ តុលា ក្នុងប្រទេសវៀតណាម។
យោងតាមរដ្ឋសភាកម្ពុជាបានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិភាក្សានោះ លោក វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ ពីសារៈសំខាន់នៃកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូល(CLV)លើកដំបូងរបស់រដ្ឋសភា នៃប្រទេសទាំងបី នាខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោកថា បន្ទាប់ពីត្រូវបានអភិវឌ្ឍជាង២០ឆ្នាំ ពោលគឺចាប់តាំងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ យន្តការដ៏សំខាន់នេះតភ្ជាប់ប្រទេសជិតខាងទាំងបី ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
លោកអះអាងថា «ជាក់ស្ដែង រហូតមកទល់ពេលនេះ នៅក្នុងខេត្ត របស់កម្ពុជា ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (DTA) វៀតណាម បានវិនិយោគលើ ៤៥គម្រោង ក្នុងទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯនៅក្នុងខេត្តរបស់ឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគលើ៧៧គម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារ» ។
ដោយឡែកលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ ក៏បានសម្ដែងការគាំទ្រ លើដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្ត្រនេះ ហើយឯកភាពថា កិច្ចប្រជុំនេះនិងកិច្ចប្រជុំពីរទៀត នៅស្ទឹងត្រែង និងនៅចំប៉ាសាក់ នឹងអនុញ្ញាតឲ្យគណៈប្រតិភូ ប្រមែប្រមូលព័ត៌មាន ទិន្នន័យនិងគំនិតសំខាន់ៗ សម្រាប់រាយការណ៍ ទៅប្រធានរដ្ឋសភា នៃប្រទេសទាំងបី នៅក្នុងខែធ្នូខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូល លើកទី១ របស់រដ្ឋសភានៃប្រទេសទាំងបី។ លោក សួស យ៉ារ៉ា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍផែនការមេ សម្រាប់តំបន់ត្រីកោណនេះ ដើម្បីធានាបាននូវនិរន្តរភាព និងការអភិវឌ្ឍ ដែលមានចក្ខុវិស័យមួយច្បាស់លាស់។
ចំណែកលោក Linkham DOUANSAVANH ប្រធានគណៈកម្មការ សេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ បានឯកភាពទៅលើអ្វីដែលភាគី កម្ពុជា-វៀតណាម បានលើកឡើង ជាពិសេសគោលការណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អ ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ ព្រមទាំងធ្វើការចែករំលែក នូវបទពិសោធន៍បច្ចេកទេស ជំនាញផ្សេងៗជាមួយគ្នា ដើម្បីការអភិវឌ្ឍដែនដី នៅក្នុងប្រទេសទាំងបីដើរស្របគ្នា ជាប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងបី ៕