ព័ត៌មានជាតិ

អារ៉ាប៊ីសាអូឌីត គ្រោងផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធ

រូបភាពពី៖​ STPM

ភ្នំពេញ៖ នាយកប្រតិបត្តិ នៃមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ មានបំណងក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រ ដល់ការជំរុញឱ្យមានកំណើន ប្រកបដោយចីរភាព របស់បណ្តាប្រទេស កំពុងអភិវឌ្ឍ ។

ការបង្ហាញបំណងរបស់នាយកមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ ខាងលើនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ ជាមួយ លោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ក្នុងឱកាសចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិមូលនិធិ បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រ ដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាព របស់បណ្តាប្រទេស កំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបំណង ក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើង អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។

ក្នុងនោះ សម្តេចធិបតី និងនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះគម្រោងនៃការផ្តល់ហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៕

To Top