ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រកាស​ចាត់​វិធានការ​ច្បាប់​ ដោយគ្មានការលើកលែងចំពោះ អ្នក​ប្រព្រឹត្ត​បទល្មើសធនធានធម្មជាតិ

រូបភាពពី៖​ ក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាក់ស្តែង វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការដោយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឲ្យឃុំខ្លួនជាបណ្តោះ អាសន្ន បុគ្គលម្នាក់ ដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

ក្រសួងបរិស្ថាន បន្ដថា ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា ៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយឆ្នាំ ទៅប្រាំឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១៥ ០០០ ០០០រៀល ទៅ១៥០ ០០០ ០០០រៀល។ ជនណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោសដូចចារីដែរ។

សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បង ចំនួន៤ រួមមាន៖ ១-ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២- ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ ៣-សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤-ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕

To Top