ភ្នំពេញ ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងរវាងកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរឯកភាពគ្នា ដែលផ្តួចផ្តើមឡើង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។

លោកថា ការឯកភាពគ្នានេះគឺជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់កម្ពុជា-វៀតណាម ។
ការគាំទ្រនេះខណៈលោក វង សូត អនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ២៣ តុលា។

ក្នុងជំនួបលោកអនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា រហូតមកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ ជាមួយគ្នាលើគ្រប់វិស័យ ។ លោកក៏បានអបអរសាទរ និងមានមោទកភាព ចំពោះប្រទេសទាំងពីរ ដែលសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសការសម្រេច បានការរៀបចំខ័ណ្ឌសីមា ប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ ។ លោកសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេចបានការព្រមព្រៀង លើព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។

ចំណែក លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ លោកទូតក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង ឡាយ ដែលរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើ ការឃោសនាអប់រំ ដើម្បីយុវជនជំនាន់ក្រោយ បានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ ៕
