ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៤-២៨ តុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៤-២៨ តុលា។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃ ទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា ។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតី បានបង្កើនកម្លាំង បក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ ។ ខណៈនេះមានលំហូរខ្យល់បក់ពីទិសខាងត្បូង​ នាំមកជាមួយនូវសំណើម ពីឈូងសមុទ្រថៃ​ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរ ខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិន ខាងត្បូងមកលើប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួន នៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០%។

ក្រសួងអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាស ដែលអាចបង្កជាជំនន់ទឹកភ្លៀងជាយថាហេតុ ៕

To Top