ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក សន្យាដោះស្រាយដោយប្រើវិធានការក្តៅ-ត្រជាក់ លែងឲ្យចត និងលក់ដូរគ្មានសណ្តាប់ធ្នាប់

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ស្នើឲ្យជួយរៀបចំសណ្តាប់ធ្នាប់លើខឿន វិទ្យាល័យជាស៊ីមសន្ធរម៉ុក ត្រូវបានអាជ្ញាធរ បញ្ជាក់យ៉ាងមុតមាំ ដោះស្រាយឲ្យបានល្អប្រសើរ ជាមួយនឹងវិធានការក្តៅ-ត្រជាក់ សំដៅធ្វើយ៉ាងណាឲ្យទីតាំងនេះ លែងជាចំណតនិងជាកន្លែងលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់។

នេះជាការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែតុលា នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើង ជាសំណើនិងសំណូមពរផ្ទាល់មាត់ផង និងលាយលក្ខអក្សរផង។ ចំពោះសំណើសំណូមពរផ្ទាល់មាត់ ៣រូប ត្រូវបានអាជ្ញាធររាជធានី ក៏ដូចជាអាជ្ញាធរខណ្ឌ ស្រាយបំភ្លឺនិងសន្យាថា នឹងដោះស្រាយឲ្យបានល្អប្រសើរ។ ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរខណ្ឌទួលគោក ជួយរៀបចំសម្រាប់ធ្នាប់សាធារណៈ ខឿនវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ដោយសារតែមានរថយន្តចត លើចិញ្ចើមផ្លូវមិនអាចឲ្យសិក្សានុសិស្ស និងប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បន្ថែមពីនេះការលក់ដូររំលោភយកចិញ្ចើមផ្លូវ ក៏បានកើតឡើងជាមួយគ្នានេះផងដែរ ដែលទាមទារឲ្យមានការរៀបសណ្តាប់ធ្នាប់នៅទីនេះ ឲ្យបានល្អឡើងវិញ ។

ប្រជាពលរដ្ឋ ក៏បានលើកឡើងឲ្យអាជ្ញាធររឹតបន្តឹង ចំពោះការជីកដាក់បណ្ដាញទឹកស្អាត ដែលបានទុកចំហរយូរពេក បង្កការគ្រោះថ្នាក់ដល់ពលរដ្ឋ និងការស្នើសុំឲ្យផ្ដល់ការកែអត្តសញ្ញាណបណ្ណឲ្យបានលឿន។ ដោយពួកគាត់បញ្ជាក់ថា ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង តែអត្តសញ្ញាណប័ណ្ណ ដាក់នៅសង្កាត់បឹងព្រលិតឯណោះវិញ ហើយពួកគាត់សុំកែតម្រូវឡើងវិញតាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ នៅតែមិនទាន់បានទៀត។

ឆ្លើយតបជាមួយប្រជាពលរដ្ឋ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ការបម្រើប្រជាពលរដ្ឋ ជារឿងត្រឹមត្រូវរបស់អាជ្ញាធរ ដែលត្រូវបម្រើពួកគាត់ ។ ជុំវិញការស្នើសុំរៀបចំសណ្តាប់ធ្នាប់ នៅចិញ្ចើមផ្លូវនៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុកនោះដែរ លោកក៏បានបញ្ជាទៅអាជ្ញាធរខណ្ឌទួលគោក ត្រូវតែរៀបចំឲ្យបានល្អប្រសើរ។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ខណ្ឌទួលគោក បានធ្វើបណ្ដាញលូជាច្រើន ដើម្បីដោះស្រាយបញ្ហាលិចលង់ ប៉ុន្តែ ខណ្ឌទួលគោកក៏នៅមានបញ្ហាប្រឈម ដោយសារការលិចលង់នេះដដែល ពោលឲ្យតែមានភ្លៀងខ្លាំងម្ដងៗ ពិសេសនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវម៉ៅសេទុង ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីយកថវិកាមួយចំនួនមកដោះស្រាយបញ្ហាទាំងនេះ ពិសេសនៅមុខម៉ុងឌីយ៉ាល់ និងនៅស្ថានីយ៍បឹងទំពុន ស្របទៅតាមគោលនយោបាយរបស់សម្ដេចធិបតីហ៊ុន ម៉ា ណែត ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ ក្នុងអាណត្តិនេះ។

ជាមួយគ្នានេះ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីក៏បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើង ដើម្បីឲ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ឲ្យអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម៕

To Top