ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេសកម្ពុជា-ជប៉ុន មិនប្រែប្រួលឡើយ

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីិកម្ពុជា បានប្រាប់ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នាថ្ងៃទី២៤តុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាពថា ចំពោះអនាគតទៅមុខ គោលនយោបាយការបរទេស របស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មិនប្រែប្រួលឡើយ ។

ក្នុងជំនួបនេះ លោក KOMURA Mashiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន​បានសម្តែងនូវការកោតសរសើរ ប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ ដោយនឹងមានការរៀបចំសកម្មភាព អបអរសាទរជាច្រើន ។

ក្នុងនោះដែរ សម្តេចធិបតី ក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រកម្ពុជា ជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ ។

ចំពោះអនាគតទៅមុខ សម្តេចធិបតី បានបញ្ជាក់អំពីភាពមិនប្រែប្រួល នៃគោលនយោបាយការបរទេស របស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនង ទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ៕

To Top