ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជារាល់ថ្ងៃ នៅតែសេសសល់ចំហាយបដិវត្តន៍ពណ៌

រូបភាពពី៖​ TVK2

ភ្នំពេញ៖ ថ្លែងចំពោះប្រធានគណបក្សនយោបាយចំនួន២៧ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា កម្ពុជាសព្វថ្ងៃនេះ នៅមានសេសសល់ល្អិតល្អោចនៃបដិវត្តពណ៌ ដូច្នេះទោះបីស្ថិតក្នុងតម្លៃ ណាក៏ដោយ គឺមិនត្រូវអត់ឱនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលមានបំណងចង់បំផ្លាញសន្តិភាពជាដាច់ខាត។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ២៧ផ្សេងទៀត នៅព្រឹកថ្ងៃ២៥ តុលានេះ សម្តេចតេជោបានរំលឹកពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗនេះមានសង្គ្រាមកើតឡើងជារៀងរាល់ម៉ោងនៅតំបន់ហ្គាសារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលករណីនេះជាពេលវេលាគ្រប់គ្នានឹកឃើញអំពីសន្តិភាព ខណៈកម្ពុជាកំពុងមាន ។

សម្រាប់ចំណុចនេះ សម្តេចតេជោគូសបញ្ជាក់ថា «អីចឹងយើងមិនត្រូវអន់ឱនចំពោះអ្នកណាក៏ដោយ ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលមានចេតនាបំផ្លាញសុខសន្តិភាពដែលយើងរកយ៉ាងលំបាក ។ តើយើងស្លាប់មនុស្សអស់ប៉ុន្មានមកដល់នេះ? បើយើងគិតទៅផ្លូវធ្វើដំ ណើរខ្លះពិបាកតែបើប្រៀបធៀបនឹងពេលមុនគឺគ្រាន់បើហើយ»។

សម្តេចតេជោបន្ថែមថា នៅកម្ពុជាមានគណបក្សនយោបាយច្រើន ប៉ុន្តែគ្មានជម្លោះប្រដាប់អាវុធនោះទេ ដូច្នេះអ្វីដែលទាមទាមនៅពេលនេះគឺកំលាំងជាតិ និងកំ លាំងគណបក្សនយោបាយដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះត្រូវរួមគ្នាការពារសន្តិភាពឲ្យខានតែបាន។

សម្តេចតេជោគូសបញ្ជាក់ថា «ដោយសារតែមានក្រុមម្តងហើយម្តងទៀត មានចលនា៩វិច្ឆិកា(សម រង្ស៊ីចង់វិលមកកម្ពុជា) ជាអំពើក្បត់ជាតិដ៏ធំដែលយើងមិនអាចអន់ឱននោះទេ ដោយតុលាការនៅតែបន្តចាត់ការក្រុមនោះដែលបានបំផុសឲ្យមនុស្ស ឬកងកំលាំងប្រដាប់អាវុធធ្វើការផ្តួលរំលំ រដ្ឋាភិបាល ហើយចាប់នាយករដ្ឋមន្ត្រី តើនេះជាសិទ្ធិបញ្ចេញមតិ ឬជាការប្រកាសសង្គ្រាម ? ដូច្នេះខ្ញុំសូមចង់ប្រាប់បរទេសមួយចំនួនត្រូវយល់ដឹងអំពីសិទ្ធិបញ្ចេញមតិ និងចលនានៃការផ្តួលរំលំក្រៅប្រព័ន្ធ»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា ចំពោះទង្វើរបស់ក្រុមប្រឆាំងនោះមិនចាំបាច់ដាក់ពាក្យរដ្ឋប្រហារនោះទេ គឺដាក់ត្រឹមពាក្យ«បំផ្លាញក្រៅប្រព័ន្ធ» គឺគ្រប់គ្រាន់ហើយ។ ទម្រង់នៃការផ្តួលរំលំមានច្រើនជាងពាក្យរដ្ឋប្រហារក្នុងនោះមានចលនារដ្ឋប្រហារតាមកំលាំប្រដាប់អាវុធ រដ្ឋប្រហារបដិវត្តពណ៌ក៏មាន។

ដោយសម្តេចតេជោបានគូសបញ្ជាក់ទៀតថា “នៅកម្ពុជាសព្វថ្ងៃនេះនៅមានសេសសល់ល្អិតល្អោចនៃបដិវត្តពណ៌ ហើយខ្ញុំសូមជូនសារទៅកាន់ប្រទេសមួយចំនួន អង្គការក្រៅរដ្ឋាភិបាលខ្លះដែលកំពុងជ្រកក្រោមម្លប់បដិវត្តន៍ពណ៌ថា នៅកម្ពុជាយើងមិនអន់ឱននោះទេចំពោះអ្នកចង់បំផ្លាញសន្តិភាព ព្រោះសន្តិភាពយើងស្វែងរកយ៉ាងលំបាក ឈាមនិងទឹកភ្នែកកម្ពុជាច្រើនណាស់ដែលបានបាត់បង់ទៅ ដូច្នេះយើងត្រូវរួមគ្នា ចលនារបស់យើងនៅពេលនេះគឺជា ចលនាមួយខ្លាំង ។ យើងមិនផ្តល់ឱកាសឲ្យអ្នកណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាពឡើយ»។

ក្នុងការថែរក្សាសន្តិភាពនេះដែរ សម្តេចតេជោបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែមួយ មិនអាចកាពារសន្តិភាពបានទេ គឺត្រូវតែមានការចូលរួមពីគណ បក្សនយោបាយដែលសចងសម្ព័ន្ធភាពនៅពេលនេះ៕

To Top