ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន CCCC ដើម្បីជជែកលើកិច្ចការងារ សហប្រតិបត្តិការ និងវិនិយោគ

ភ្នំពេញ ៖ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារជាមួយ លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីជជែកលើកិច្ចការងារ សហប្រតិបត្តិការ និងការវិនិយោគ រវាងកម្ពុជា ជាមួយក្រុមហ៊ុនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំមួយរបស់ប្រទេសចិន ។

នាឱកាសនោះ លោកនាយកប្រតិបត្តិ បានលើកឡើងផងដែរ អំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគ របស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល ២២ឆ្នាំកន្លងទៅ ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរំលេចថា ចាប់តាំងពីផ្តើមប្រតិបត្តិការដំបូងនៅកម្ពុជា ក្រៅពីកិច្ចការងារវិនិយោគ ក្រុមហ៊ុនបានចូលរួមការងារសង្គម នៅកម្ពុជាជាបន្តបន្ទាប់រហូតមក ដូចជាការកសាងសាលារៀន មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ នៅសហគមន៍ជាដើម ។

ស្របតាមការលើកឡើង របស់លោកនាយកប្រតិបត្តិ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកម្ពុជាបាននិងកំពុងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួនរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀត ជាច្រើននៅកម្ពុជា ។

តាមរយៈឱកាសជួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមាននិស្សិតវិស្វករពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះទៅសិក្សា ទទួលយកបទពិសោធន៍ អនុវត្តការងារដោយផ្ទាល់ពីក្រុមហ៊ុនធំ លំដាប់ពិភពលោក CCCCនេះ ក្នុងគោលបំណង ដើម្បីបង្កើននូវសមត្ថភាព និស្សិតវិស្វករខ្មែរបន្ថែមទៀត ៕

To Top