ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា «ផ្លូវនិងខ្សែក្រវ៉ាត់» របស់មហាអំណាចចិន ពិតជាបានផ្តល់ឧត្តមប្រយោជន៍ ដល់បណ្តាប្រទេស តតីលោក ងើបចេញពីភាពក្រីក្រ និងឥទ្ធិពលរបស់ ប្រទេសតាំងខ្លួន ជាបងធំ នៅក្នុងតំបន់ ។
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសដែលរូបលោក រួមទាំងអ្នកកាសែតមកពីបណ្ដាប្រទេសជាច្រើន ក្នុងក្របខណ្ឌអង្គការក្រៅរដ្ឋាភិបាល អញ្ជើញចូលរួម ក្នុងវេទិកា «ផ្លូវនិងខ្សែក្រវ៉ាត់» លើកទី៣ រវាងប្រជាជននិងប្រជាជន នាទីក្រុងប៉េកាំង។
ក្នុងនោះលោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា វាគ្មិនមកពីប្រទេសអាសុីខាងត្បូង សុទ្ធតែបានអះអាងថា ប្រទេសរបស់ខ្លួន បានងើបស្ទុះឡើង ផ្នែកសេដ្ឋកិច្ច គួរឱ្យគាត់សំគាល់ ពេលប្រទេសចិន បានចូលទៅវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក ចាប់ពីពេលដែលលោក សុី ជីងពីង នៃប្រទេសចិនដាក់ចេញនូវគោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់ (BRI) កាលពីឆ្នាំ២០១៣។
ក្រុមប្រទេសទាំងនោះ មិនសូវចូលចិត្តប្រទេសឥណ្ឌាទេ ដោយហេតុថាឥណ្ឌា តាំងខ្លួនជាបងធំក្នុងតំបន់ ហើយអាងសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្ត។
វាគ្មិនមកពីប្រទេសស្រីលង្ការ បានចោទសហរដ្ឋអាមេរិក ថា ប្រទេសរបស់ខ្លួន ក្លាយជាអន្ទាក់បំណុលរបស់ចិន។ តាមពិតអតីតរដ្ឋាភិបាលរបស់ខ្លួនទេ ដែលពុករលួយ ដោយយកកម្ចីរបស់ចិន មកចាត់ចែងខុសទិសដៅ ប្រព្រឹត្តអំពើពុករលួយ។ ម្យ៉ាងប្រព័ន្ធឃោសនាលោកខាងលិច បាននិយាយបំភ្លើស និងមានចរិតវាយប្រហារប្រទេសចិន។
ការលើកឡើងរបស់វាគ្មិននេះ នៅក្នុងឱកាសចូលរួមវេទិកា «ផ្លូវនិងខ្សែក្រវ៉ាត់» លើកទី៣ រវាងប្រជាជននិងប្រជាជន ខាងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើឡើងនៅក្នុងប្រទេសចិន កាលពីសប្តាហ៏កន្លងទៅ។
ប្រទេស បង់ក្លាដេស ស្រីលង្ការ នេប៉ាល់ ប៉ាគីស្ថាន ម៉ាឌីវ និង ប៊ូតាន់ មិនសូវចូលចិត្តប្រទេសឥណ្ឌាទេ ហើយមានទំនាក់ទំនងល្អ ជាមួយចិនព្រោះគោលនយោយ BRI របសចិន ធ្វើឱ្យប្រទេសទាំងនោះ រីកលូតលាស់និងកាត់បន្ថយ ឥទ្ធិពលឥណ្ឌា ដែលចង់ធ្វើបងធំ៕