ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការកសាងកម្លាំងកងទ័ពមានលក្ខណៈទំនើប ទាន់សម័យ ជាគោលការណ៍ដ៏ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបតាមសំណូមពរ ភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មី។ នេះបើយោងតាម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។
ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺន ជំនាញការពារអាកាស នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ដើម្បីលើកម្ពស់សមត្ថភាព លទ្ធភាព ក្នុងការប្រយុទ្ធនិងត្រៀមប្រយុទ្ធ គប្បីយកចិត្តទុកដាក់ដល់ការ ចាត់តាំងហ្វឹកហ្វឺន រៀនសូត្របំប៉ន សំដៅធ្វើម្ចាស់ លើគ្រប់អាវុធយុទ្ធភណ្ឌ និងគ្រឿង បំពាក់ដែលមានក្នុងក្របខណ្ឌចាត់តាំង ដូចការប្រារព្ធពិធីបិទ និងបើកវគ្គជំនាញការពារ អាកាសនាពេលនេះ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់ស្ថាប័នជំនាញ បន្តការងារហ្វឹកហ្វឺននៅហ្នឹងកន្លែង ដើម្បីទទួលបានជំនាញពិតប្រាកដ និងចេះប្រើប្រាស់គ្រឿងបំពាក់ថ្មីៗ ក្នុងនោះបន្តសិក្សារៀបចំ ប្រព័ន្ធទីបញ្ជាការ ដើម្បីទទួលបទបញ្ជា ការអនុវត្តបទបញ្ជាឲ្យមានប្រសិទ្ធភាព ក្នុងពេលត្រៀមប្រយុទ្ធនិងប្រយុទ្ធជាក់ស្តែង ៕
រូបភាព អគ្គបញ្ជាការដ្ឋាន