ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ លើវិស័យធនធានទឹកជាមួយ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណ ចំពោះការរួមចំណែកយ៉ាងធំធេង ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ ADB ក្នុងការអភិវឌ្ឍនិងការរីកចម្រើន នៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលធនាគារ ADB បានចូលរួមក្នុងការធ្វើទំនើបកម្មវិស្វកម្ម លើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា»។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អ ផែនការរយៈពេលវែងលើកិច្ចការ វិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយ បានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។

នាឱកាសនោះ លោកស្រី និងសហការីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសន្យាបន្ថែមទុនវិនិយោគ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារ ជួសជុលថែរទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះធនាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន២គឺ ទី១- គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) និងទី២-គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន(CFACVS)។ ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួន២គឺ ទី១-គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងទី២-គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕
