ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានបើកវគ្គវិក្រឹតការ គ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមក ពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

វគ្គវិក្រឹតការនេះ គឺជាវគ្គទី១ ដែលបណ្តុះបណ្តាលគ្រូ ឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេស នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះ ដើម្បីពង្រឹង និងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេស ឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ ក្នុងការប្រើប្រាស់ម៉ូឌុល តាមជំនាញក្នុងការផ្ទេរ ចំណេះដឹង និង ជំនាញដល់សិក្ខាកាមសិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារ ជាក់លាក់ច្បាស់លាស់ ដើម្បីធានាថា សិក្ខាកាម ដែលជាយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានសមត្ថភាពជាក់លាក់ ដែលវិស័យឯកជនទទួលយកដោយក្តីសោមន្ស និងវាយតម្លៃខ្ពស់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានរំលឹកដល់គ្រូឧទ្ទេសពីដើមចម នៃការរៀបចំកម្មវិធីបណ្តុះបណ្តាល ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងគោលបំណង ធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានជំនាញជាក់លាក់ច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ ។

ប្រការនេះ គឺ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរង ហានិភ័យ ដែលអាចចាក ចេញពីស្ថានភាពក្រីក្រ លំបាកយ៉ាងឆាប់រហ័ស ។ តាមរយៈការបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលនេះ នឹងក្លាយជា ពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ»នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលពីថ្ងៃទី២៦ ខែតុលានេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួង ក៏នឹងបន្តវគ្គវិក្រឹតការ ជាបន្តបន្ទាប់ដើម្បីពង្រឹង សមត្ថភាព ដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរ ជំនាញដល់យុវជន យ៉ាងមានប្រសិទ្ធភាព ៕
















