ភ្នំពេញ៖ កងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន៥៣នាក់ នៅថ្ងៃទ២៧ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្ម មនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។ នេះបើយោងតាមក្រសួងការពារជាតិ។
ពិធីនេះមានការទទួលស្វាគមន៍ពីសំណាក់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា លោកអ្នកបានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិ នៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះយុទ្ធជន យុទ្ធនារី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក និងសូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើត។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលេីកឡេីងថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៊ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព៕




