ព័ត៌មានជាតិ

ក្រសួងអប់រំ​​ មិនទាន់សម្រេច ឱ្យសិស្សប្រឡបជាប់និទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិ

ភ្នំពេញ​ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា​ ក្រសួង មិនទាន់កំណត់ណាមួយឡេីយ​ ដែលអនុញ្ញាតឱ្យសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣​ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា​ ក្រសួងអប់រំ មានបំណងចង់ឱ្យសិស្សពូកែ និងជាប់និទ្ទេសល្អ ចូលធ្វើការងារជាគ្រូបង្រៀន ។

លោក​ ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់​ថា​ “ដោយឡែកការកំណត់ថាឱ្យសិស្សជាប់និទ្ទេស A, B, C ជាប់ដោយស្វ័យប្រវត្តិ (ជាប់គ្រូ)​ យេីងមិនទាន់មានការសម្រេច ណាមួយនៅឡើយទេ ។​ ជាគោលការណ៍ របស់រាជរដ្ឋាភិបាល គឺចង់ឱ្យមានការប្រឡង ដើម្បីឱ្យសិស្សបានបង្ហាញ ពីសមត្ថភាពខ្លួនឯង” ​។

លោក​ ឧបនាយករដ្ឋមន្ត្រី បន្ដថា​ “ព្រោះជូនកាលគាត់ប្រឡងបាក់ឌុបគាត់ រៀងធ្លាក់ពិន្ទុបន្តិច ហើយប្រសិនបើគាត់ខំប្រឹងរៀនបន្ត ពេលទៅប្រឡងគ្រូ អាចនឹងបានពិន្ទុល្អជាង ដោយសារតែការប្រឡងគ្រូខុស ពីការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ អាចមាននិទ្ទេស A, B, C ច្រើន ប៉ុន្តែការប្រឡងចូលគ្រូ គឺប្រឡងតាមបែបប្រណាំងប្រជែង មានន័យថា អ្នកណាបានពិន្ទុខ្ពស់ជាងនឹងជាប់”។

លោក​ ឧបនាយករដ្ឋមន្ត្រី បន្ថែមថា​ គោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានាឲ្យបានសុខភាព សម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួត ជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ។

សូមបញ្ជាក់ថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រ សង្គមមានចំនួន ៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់) ។​ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស៕

To Top