ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ប្រមាណ៣៦លានដុល្លារសម្រាប់បណ្តុះជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៤ គ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៤ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគ្រោងនឹងប្រកាសកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

ការសម្រេចនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួររំលឹកថា ដើម្បីត្រៀមលើបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕

To Top