ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នឹងរួមចំណែកកាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមតុលាការ ហើយចំណុចពិសេស ពេលដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការរួច ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ ដោយមិនចាំបាច់ប្ដឹងទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មានអានុភាពអនុវត្ត ដូចសាលក្រមស្ថាពររបស់តុលាការ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃ៣០ តុលា សម្ដេចបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានវិធានការ សំខាន់៣ ដែលរាជរដ្ឋាភិបាល ដាក់ចេញដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ ក្នុងនោះទី១.ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់, ទី២.ការជំរុញនិងពន្លឿនការដោះស្រាយរឿង ក្ដីនៅតាមតុលាការ ឲ្យបានឆាប់រហ័ស សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព នៃការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋ, និងទី៣.ការត្រួតពិនិត្យ និងដោះស្រាយភាព មិនប្រក្រតីមួយចំនួន នៅតាមតុលាការ ។
សម្តេចធិបតីលើកឡើងថា ការដោះស្រាយរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺដោះស្រាយវិវាទ រដ្ឋប្បវេណី និងពាណិជ្ជកម្ម ក៏ដូចជាវិវាទដទៃ ទៀត តាមរយៈការផ្សះផ្សារ ដោយផ្អែកទៅ លើកិច្ចព្រមព្រៀង រវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលព្រមទទួល យកយន្តការ សម្របបសម្រួលផ្សះផ្សារ ។ សម្ដេចថា យន្តការនេះមិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឲ្យប្រើប្រាស់សេវាថ្មីនេះនោះទេ ។ សម្ដេចបញ្ជាក់ថា អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនទៅជំនួសតុលាការ និងប្រព័ន្ធយុត្តិធម៌ ដែលមានស្រាប់នោះទេ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «អ្វីដែលជាលក្ខណៈពិសេសរបស់យន្តការនេះ (ដោះស្រាយវិវាទក្រៅប្តព័ន្ធតុលាការ) គឺរួមចំណែកកាត់បន្ថយ ការកកស្ទះ សំណុំរឿងនៅតាមតុលការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយ នៅក្នុងក្របខ័ណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកថា ដោះស្រាយរួចរាល់ជាស្ថាពរ ដោយមិនបាច់ប្ដឹងទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទ ដោយអាជ្ញាធរនេះ មានអានុភាពអនុវត្តដូចទៅនឹង សាលក្រមស្ថាពររបស់តុលាការ នេះគឺលក្ខណៈពិសេសរបស់វា» ។
សម្តេចធិបតីបានជំរុញឲ្យ ផ្សព្វផ្សាយទូលំទូលាយ នូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឲ្យពលរដ្ឋបានយល់ និងទទួលយកយន្តការនេះ ដែលជាការរួមចំណែកធ្វើឲ្យមាន យុត្តិធម៌ក្នុងសង្គមកម្ពុជា ។
សម្តេចធិបតី ក៏បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ ត្រៀមគាំទ្រឲ្យបានពេញលេញ និងសហការឲ្យបានល្អ ដើម្បីជាកម្លាំងដល់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបម្រើសេវាដល់ពលរដ្ឋ ។
សម្តេចធិបតីគូសបញ្ជាក់ថា នឹងបន្តវប្បធម៌នយោបាយឈ្នះ-ឈ្នះ តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈ្នះ-ឈ្នះទាំងអស់គ្នា ដែលទាំងអស់នេះជាការរួមចំណែកមួយ ក្នុងពង្រឹងប្រព័ន្ធយុត្តិធម៌ ៕