ភ្នំពេញ៖ នៅក្នុងពិធីជួប សំណេះសំណាល ជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យ ក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្ត នូវការងារចំពោះមុខ ក្នុង ឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើន ប្រាក់ចំណូល ការធានាលក្ខខណ្ឌការ ងារល្អ ប្រសើរ ការ ពង្រឹង សុខដុម នីយ កម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំ ពារ សង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនិងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទន្ទឹមនេះ លោក ហេង សួរ បាន បង្ហាញ ពីវឌ្ឍនភាពនៃ ការងារអាទិភាព ទាំង៦ចំនុច ដែលក្រសួងការងារបាននិងកំពុងអនុវត្តក្នុងឆ្នាំ២០២៣នេះ រួមមាន៖
១. ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន២០៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤សម្រាប់កម្មករ និយោជិតវិស័យវាយនភណ្ឌ កាត់ដេរ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។
២. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំ ប្រកាសអន្តរក្រសួង ដើម្បីប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី។ ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណ ជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ដោយផ្អែកតាមការអង្កេតកន្លងទៅនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារក្នុងមួយខែសម្រាប់សេវាថែទាំសុខភាព ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។
៣. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ១,៥លាននាក់ ដែលកម្មវិធីនេះនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នា ជាមួយ ការប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ផងដែរ។
៤. ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននិងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួលយន្តការ អនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្តង់ដាបណ្តុះបណ្តាល សម្រាប់កម្មវិធី បង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយ រួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។
៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មក។ បន្ថែមពីនេះ ស្របតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤,៦លានដុល្លារ ជូនដល់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១៤៥៣៤នាក់ និងកូនចំនួន ១៤៦៤០នាក់។
៦. បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង ចាប់ពីឆ្នាំ២០២៤។
ចំពោះការអនុវត្តការងារអាទិភាពទាំង៦ចំនុចនេះដែរ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានថ្លែងការ កោតសរសើរចំពោះលោកហេង សួរ ដែលសម្រេចបានការងារ ដំឡើង ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៤ តាមការកំណត់ មុនពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចធិបតី ក៏បញ្ជាក់ ដែរថា ការងារអាទិភាពទាំង៦ ដែល ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត ក៏ដូចជា គោល នយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ទូទាំង ប្រទេស។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បាន បង្ហាញ ពីការគាំទ្រ និងពេញចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នងការ ដាក់ ចេញ នូវ ការងារ អាទិភាព ចំនួន៦ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ អនុវត្តក្នុង ឆ្នាំ២០២៣នេះ។ លោក មើល ឃើញថា ការងារ អាទិភាព ទាំង៦ចំនុចនេះ ជាយន្តការដ៏ល្អប្រសើរក្នុងការ ផ្តល់ការងារ ការផ្តល់ការគាំពារ សុខមាលភាព ក៏ដូចជា អត្ថប្រយោជន៍ ជាច្រើន មិនត្រឹមតែសម្រាប់កម្មករនិយោជិតផ្ទាល់ប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ទូទាំង ប្រទេស និង អ្នកប្រកប អាជីវកម្មផ្សេងៗផងដែរ។ ក្នុងនាម ជាប្រធានសហជីពក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ជាច្រើន ឆ្នាំមកហើយ លោក ហ្វា សាលី សង្កេតឃើញថា មានយន្តការថ្មីៗជាច្រើន ត្រូវបានដាក់ចេញឲ្យអនុវត្ត ជាបន្ត បន្ទាប់ ដែលជាការតភ្ជាប់ គ្នា ចាប់តាំងពីអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី រហូត ដល់អាណត្តិ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។
កម្មការិនី វ៉ាន់ ដារី ដែលកំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ក្នុងរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ ចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៤ ដែល បង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការរក្សារោងចក្រនៅបន្តវិនិយោគ រួមនិងដំឡើងប្រាក់ឈ្នួល បូកថែម ជាមួយ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ដូចគ្នានេះដែរ អ្នកស្រី រី សីលា ដែលកំពុងបំពេញការងារក្នុងផ្នែកអនាម័យនៅរោងចក្រ កាត់ដេរសំលៀ ក បំពាក់ ក្នុង រាជធានី ភ្នំពេញ បានបង្ហាញការពេញចិត្តចំពោះកិច្ចការទាំងអស់ដែលរាជរដ្ឋាបាលបាននិងកំពុងអនុវត្ត ជាពិសេស ការ ប្រើ ប្រាស់ បណ្ណ ប.ស.ស. ផ្នែកថែទាំសុខភាព ព្រោះអ្នកស្រី តែងប្រើប្រាស់បណ្ណ ប.ស.ស. ទៅពិនិត្យ និង ព្យាបាល ជំងឺ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ។ អ្នកស្រី ប្រាប់ថាសូម្បីបងប្អូន ក្រុមគ្រួសាររបស់អ្នកស្រីក៏ចូលជាសមាជិក ប.ស.ស. នេះដែរ ព្រោះវាចំណេញលុយក្នុងថែទាំសុខភាព៕