ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល មន្រ្ដីរាជការ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការ លើវិស័យអភិវឌ្ឍន៍ជនបទ”

រូបភាពពី៖​ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល មន្រ្ដីរាជការ ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការ លើវិស័យអភិវឌ្ឍន៍ជនបទ”។

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់និងពង្រឹងពុទ្ធិបន្ថែមទៀត លើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបទក្នុងការបំពេញការងារ នៅតាមអង្គភាពរបស់ខ្លួន ដែលនេះគឺជាការជំរុញ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភាឲ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឆ្លៀតក្នុងឱកាសបើកសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលសម្រេចបានលទ្ធផលយ៉ាងច្រើន ឥតគណនា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្ដីមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបន្ដសមិទ្ធផ លដែលមានស្រាប់ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឲ្យបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៣-២០២៨ឲ្យទទួលបានជោគជ័យ ដោយផ្ដោតលើការកាត់បន្ថយ វិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវភាពរស់នៅ របស់ប្រជាជន ជនបទ ប្រកបដោយបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឲ្យប្រជាជនជនបទ រស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូល សេដ្ឋកិច្ចគ្រួសារ នៅទីជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជន នៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើសិក្ខាកាម ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវ ការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀត យកទៅអនុវត្តលើការងារ ក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

To Top