ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ បានលើកឡើងជាសំណើរសំណូមពរជាច្រើន ពាក់ព័ន្ធទៅនឹងការស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សូមដោះស្រាយការលិចលង់លំនៅដ្ឋាន ជាមួយនិងការសុំស្ថាបនាផ្លូវលូ ប្រឡាយផងដែរ ។

សំណើររបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ តុលា ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ។

វេទិកានេះ បានបញ្ជាក់ឲ្យយើងឃើញថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយជូន ។

ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនៅក្នុងបឹងតាម៉ាត គឺដោយសារម្ចាស់បុរីតាម៉ាតនោះ ចាក់ដីលុបរណ្តៅដីបឹងតាម៉ាតមិនបានខ្ពស់ ហើយសាងសង់ផ្ទះ ពោលគឺការ៉ូក្នុងផ្ទះប្រជាពលរដ្ឋ បើធៀបជាមួយកំពស់ទឹកនៅប្រឡាយភូមិម័រ ទៀបជាងកន្លះម៉ែត្រឯណោះ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ជៀសមិនផុតពីការលិចលង់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនិងមន្ទីរនិងដោះស្រាយឲ្យប្រជាពលរដ្ឋ ដោយនឹងដាក់ឡានបូមទឹក១គ្រឿង ដែលមានម៉ាស៊ីនបូមទឹក៦ ដើម្បីបួមទឹកចេញពីលំនៅដ្ឋាន ។

ក្នុងនោះដែរ លោកមាន ចាន់យ៉ាដា ក៏បានលើកឡើងដែរថា ចំពោះប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរជួយដោះស្រាយ បញ្ហាដីធ្លីទំហំ៥ហិចតា ស្មើនឹងជាង២០០គ្រួសារ លោកស្នើសុំឲ្យប្រជាពលរដ្ឋ ត្រូវពឹងពាក់មកលើអាជ្ញាធរ សង្កាត់ ខណ្ឌនិងរាជធានីដើម្បីដោះស្រាយ កុំពាក់ព័ន្ធជាមួយសង្គមស៊ីវិល ដែលនឹងធ្វើឲ្យការដោះស្រាយ កាន់តែពិបាកនិងវែងឆ្ងាយ។

លោក មាន ចាន់យ៉ាដា ក៏បានជំរុញឲ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ រក្សាឲ្យបាននូវសុខសន្តិភាពប្រជាពលរដ្ឋ ពង្រឹងការផ្ដល់សេវាឲ្យកាន់តែលឿនឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈច្រកចេញចូលតែមួយ ។ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងត្រូវផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺធ្វើយ៉ាងណាឲ្យពលរដ្ឋចូលរួមសហការជាមួយ នោះការងារពិតជាទទួលបានភាពជោគជ័យ ជាក់ជាមិនខាន។

ជាមួយគ្នានេះ លោក ម៉ប់ សារិនថា សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ បានដាក់ចេញរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឍន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋដឹងឭ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកក្នុងវេទិកានេះ៕




