ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្ដើមអនុវត្ត ផែនការសកម្មភាពកាត់បន្ថយសារធាតុអាបេស្តុស ក្នុងផែនការមេលើកទី៣

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូពាក់ព័ន្ធកំពុងចាប់ផ្ដើមជំរុញការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសនៅក្នុងផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដើម្បីបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅប្រទេសកម្ពុជា។

ជាក់ស្ដែងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដា (APHEDA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ ។​

លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុងរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំឭកពីសន្និសីទអន្តរជាតិស្តីពីការងារលើកទី១១០ (110th International Labour Conference) នៅទីក្រុងហ្សឺណែវ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលបានអនុម័តសេចក្តីសម្រេចមួយ ដោយបញ្ជូលគោលការណ៍នៃបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ នៅក្នុងក្របខណ្ឌសិទ្ធិ និងគោលការណ៍ជាមូលដ្ឋានរបស់អង្គការអន្តរជាតិខាងការងារ។ ក្នុងឱកាសនោះដែរ អនុសញ្ញាស្តីពីសុវត្ថិភាព និងសុខភាពការងារ លេខ១៥៥ (C155) និងក្របខណ្ឌផ្សព្វផ្សាយសម្រាប់អនុសញ្ញាស្តីពីសុវត្ថិភាព និងសុខភាពការងារ លេខ១៨៧ (C187) ត្រូវបានប្រកាសជាអនុសញ្ញាស្នូល។ ការសម្រេចនេះមានន័យថា រដ្ឋសមាជិកនៃអង្គការអន្តរជាតិខាងការងារទាំងអស់ត្រូវប្តេជ្ញាគោរពនិងលើកកម្ពស់សិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននេះ ទោះបីជារដ្ឋសមាជិកណាមួយមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារក៏ដោយ។

លោករដ្ឋលេខាធិការបន្តថា ជានិច្ចជាកាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ក្នុងនោះការពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង ដោយសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖ ១-ការរៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ២-ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ ៣-ការកែលម្អអធិការកិច្ចការងារ ៤-ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ៥-ការដាក់ប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី ៦-ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាបេស្តុសនៅកម្ពុជា ៧-ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ”។

រាជរដ្ឋាភិបាលកម្ពុជា បើទោះជាមិនទាន់បានផ្តល់សច្ចាប័នទៅលើអនុសញ្ញាលេខ ១៦២ ស្តីពីសារធាតុអាបេស្តុស និងអនុសាសន៍ ឆ្នាំ២០០៦ របស់អង្គការអន្តរជាតិខាងការងារក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការបន្តកែលម្អសុវត្ថិភាព និងសុខភាពកម្មករនិយោជិត ក៏ដូចជាការបង្កើនផលិតភាពការងារសម្រាប់និយោជកផងដែរ។

ដោយឡែក ក្នុងកិច្ចសហការជាមួយអង្គការអាហ្វីដាប្រចាំកម្ពុជា (APHEDA) ចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួន៣លើករួចមកហើយ ក្នុងការអនុវត្តផែនការសកម្មភាពនៃគម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាបេស្តុសនៅកម្ពុជា។ បន្ថែមពីនេះ ក៏បានប្រមូលព័ត៌មានពាក់ព័ន្ធក្នុងការកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាបេស្តុសនៅកម្ពុជា និងឯកសារអប់រំបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្សនៃសហគ្រាស គ្រឹះស្ថាន សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹងពីសារធាតុអាបេស្តុសសម្រាប់បង្កា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស៕

To Top