ព័ត៌មានជាតិ

សម្ដេចធិបតី អបអរសាទរក្រុងបាត់ដំបង ចុះបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ របស់យូណេស្កូ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអបអរសាទរ ចំពោះទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូ (UCCN) ចុះក្នុងបណ្តាញទីក្រុងច្នៃ ប្រតិដ្ឋផ្នែកម្ហូបអាហារ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អបអរសាទរ ទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ (UCCN)»។

យោងតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ទីក្រុងបាត់ដំបង ត្រូវបាន UNESCO ចុះក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ ។

ការចេញផ្សាយ បានបង្ហាញថា ទីក្រុងថ្មីចំនួន ៥៥ ត្រូវចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅថ្ងៃទិវាទីក្រុងពិភពលោកជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការUNESCO (UCCN) បន្ទាប់ពីការសម្រេចដោយ លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ដែលក្នុងចំណោមនោះទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ»។

ទីក្រុងថ្មីទាំងនោះ ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការទាញយកវប្បធម៌ និងភាពច្នៃប្រតិដ្ឋជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការបង្ហាញការអនុវត្តប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើមនុស្ស ជាមួយនឹងការបន្ថែមចុងក្រោយបំផុត ក្នុងបណ្តាញទីក្រុងចំនួន ៣៥០ នៅក្នុងប្រទេសជាង១០០ ដែលតំណាងឲ្យវិស័យច្នៃប្រតិដ្ឋចំនួន ៧ គឺសិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត អាហារូបត្ថម្ភ អក្សរសាស្ត្រ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

To Top