ព័ត៌មានជាតិ

សិស្សសាលាត្រូវបានជម្លៀសចេញភ្លាមៗ ក្រោយពីជនអនាមិកព្រមាន ពីការដាក់គ្រាប់បែក ក្នុងសាលារៀនជ្វីហ្វចំនួន២០ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង

AFP

បរទេស៖ សិស្សសាលារៀនជ្វីហ្វជាច្រើននៅជុំវិញទីក្រុងប៉ារីស ប្រទេស បារាំង ត្រូវបានជម្លៀសចេញបន្ទាប់ពីការគំរាមកំហែង ដោយគ្រាប់បែកដែលបង្កឱ្យមាន “ការភ័យស្លន់ស្លោ” ក្នុងចំណោមឪពុកម្តាយមួយចំនួន, នេះបើយោងតាមប្រភព ដែលដកស្រង់ដោយកាសែត Jerusalem Post ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មានបានរាយការណ៍ដោយដកស្រង់ “ប្រភពជាន់ខ្ពស់នៅក្នុងសហគមន៍ជ្វីហ្វ ដែលបានរៀបចំថា “ប៉ូលីសបានបើកការរុករក នៅក្នុងសាលារៀនជាច្រើនកាលពីថ្ងៃចន្ទ បន្ទាប់ពីជនសង្ស័យអនាមិកម្នាក់បានព្រមានថា “គ្រាប់បែកនឹងបំផ្ទុះនៅក្នុងសាលាជ្វីហ្វចំនួន ២០ ផ្សេងគ្នានៅក្នុងតំបន់ប៉ារីស” ។

ប្រភពមួយបានឱ្យដឹងថា “មានការគំរាមបំផ្ទុះគ្រាប់បែក ទៅលើសាលាជ្វីហ្វជាច្រើន។ សាលារៀនទាំងនេះខ្លះត្រូវបានជម្លៀសចេញ។ នៅក្នុងសាលារៀនភាគច្រើន ឪពុកម្តាយត្រូវបានស្នើសុំ ឱ្យយកកូនរបស់ពួកគេទៅផ្ទះ»។

ពួកគេបានបន្ថែមថា សេវាសន្តិសុខរបស់បារាំង បានចាប់ផ្តើមស្វែងរកគ្រាប់បែកនៅក្នុងសាលារៀន ប៉ុន្តែមិនទាន់រកឃើញ គ្រឿងផ្ទុះណាមួយនៅឡើយទេ។ “ទោះបីជាគ្រប់គ្នាមិនអីក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានធ្វើឱ្យ ឪពុកម្តាយមានការភ័យស្លន់ស្លោ។ យើងកំពុងឆ្លងកាត់រយៈពេលដ៏លំបាកមួយ ហើយស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែលក៏មានឥទ្ធិពលមកលើយើងផងដែរ” នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top