ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា គិតចាប់តាំងពីដាក់ឲ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់គាំពារសង្គមកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ បានជួយសម្រួលជីវភាពគ្រួសារពលរដ្ឋមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទទូទាំងប្រទេស។
សូមរំលឹកថា ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការជាផ្លូវការជាផ្លូវការនូវកម្មវិធីឧត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលពេលនោះមានគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៥៣០ ៨៣៨គ្រួសារ ស្មើនឹង ២ ១៥៣ ១១៤ នាក់ប៉ុណ្ណោះ ត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីទទួលប្រាក់ឧបត្ថម្ភ។
ជាវឌ្ឍនភាព គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្មវិធីនេះ បានដំណើរការអស់រយៈពេល៤០ខែរួចមកហើយ ដោយក្នុងខែចុងក្រោយនេះ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៩៨៥៨៥គ្រួសារ ឬស្មើនឹង ២ ៧៥៣ ១៣១នាក់ ក្នុងនោះរួមមាន ៖ កុមារអាយុពី០-៥ឆ្នាំចំនួន១០៩ ៥៤៥នាក់, ជនមានពិការភាពចំនួន៥៩ ៩៩៦នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងចំនួន ៣៨២ ៤០៤នាក់ និងគ្រួសាផ្ទុកជំងឺអេដស៍ចំនួន២ ០២៥គ្រួសារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ កំពុងបន្តអនុវត្តនៅឡើយរហូតដល់ដំណាច់ឆ្នាំ២០២៣ ទើបមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល៕