ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដាំសិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាល យកចំណេះដឹង បទពិសោធន៍ ទៅអនុវត្តនៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” ត្រូវយកចំណេះដឹង និងបទពិសោធន៍ ទៅដឹកនាំអនុវត្តការងារ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងប្រសិទ្ធផល។

ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៩២ រូប ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ កាលពីថ្ងៃ៣១ តុលា ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងប្រគល់លិខិតថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំង៣រូប រួមមាន ៖ លោក ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដែលបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ព្រមទាំងអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងពេញលេញ ក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាល បានបង្ហាញឲ្យឃើញពីមន្ដ្រីរាជការទាំងអស់ មានឆន្ទៈ និងការតាំងចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម ហើយវគ្គបណ្ដុះបណ្ដាលនេះ ពិតជាបានចូលរួមចំណែកផ្ដល់ពុទ្ធិថ្មីៗបន្ថែមទៀត លើការប្រតិបត្តិការងារ សំដៅបង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវនៅក្នុងអង្គភាព។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានធ្វើការផ្ដាំផ្ញើដល់សិក្ខាថា ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានទៅដឹកនាំអនុវត្តការងារ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ស័ក្ដិសមជាមន្ដ្រីរាជការដែលមានគុណវុឌ្ឍិ និងគុណតម្លៃ ។ ត្រូវចូលរួមសហការ ជាមួយបណ្ដានាយកដ្ឋាន បណ្ដាមន្ទីរ និងស្ថាប័នពាក់ព័ន្ធឲ្យកាន់តែល្អប្រសើរ ជាពិសេសបន្ដបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ត្រូវពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមរយៈការងារដឹកនាំ ជាសមូហភាព និងការបង្កើនការយកចិត្តទុកដាក់ដល់មន្ដ្រី ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង ៕

To Top