ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ អ៊ីស្រាអែល មិនមែនផ្តោតលើដំណោះស្រាយ នយោបាយទេ តែសំដៅកម្ទេចពួកហាម៉ាសតែម្តង

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាទស្សនទានថា យុទ្ធសាស្ត្រអ៊ីស្រាអែល មិនមែនផ្តោតសំខាន់ទៅលើ ដំណោះស្រាយនយោបាយទេ តែគឺសំដៅកម្ទេចកម្លាំងរស់ របស់ពួកហាម៉ាសតែម្តង ។

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងតាមសំណេរ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១ វិច្ឆិកា ដោយសំណេរនោះមានន័យថា “ពេលនេះ យុទ្ធសាស្ត្រអ៊ីស្រាអែល មិនមែនផ្តោតលើដំណោះស្រាយនយោបាយទេ តែគឺសំដៅកម្ទេចកម្លាំងរស់របស់ពួកហាម៉ាស តែម្តង ព្រោះហេតុនេះហើយ ទើបអ៊ីស្រាអែលមិនព្រមឲ្យមានលំនាំប្រេងឥន្ធនៈចូលតំបន់ហ្កាហ្សា ទោះជាដឹងថាអ្នករបួសរាប់ពាន់នាក់ កំពុងប្រឈមនឹងបញ្ហាស្លាប់រស់លើថាមពលអគ្គិសនី ក្នុងមន្ទីរពេទ្យក្តី” ។

លោកបន្ថែមទៀតថា “យុទ្ធសាស្ត្រអ៊ីស្រាអែល គឺផ្តាច់ភ្លើងទាំងស្រុង ក្នុងតំបន់ហ្កាហ្សាដើម្បីផ្តាច់ការបញ្ជូនខ្យល់ តាមរន្ធឧម្មង្គបង្ខំឲ្យពួកហាម៉ាសឡើងមកលើ ដើម្បីសម្លាប់ទោះជាដឹងថា ចំណាប់ខ្មាំងរាប់រយនាក់ និងច្រើនសញ្ជាតិ កំពុងនៅក្នុងរូងឧម្មង្គនោះដែរក្តី ។ នេះជាការវិលត្រឡប់នៃរឿងចំណាប់ខ្មាំង ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ នាសម័យអូឡាំពិក១៩៧២ ។ បន្តិចទៀត ខ្ញុំនឹងនិយាយពីរឿងនេះ ដើម្បីរម្លឹកប្រវត្តិដ៏ជូរចត់ និងនយោបាយ សុខចិត្តសម្លាប់មនុស្សល្អ ៩នាក់ កុំអោយតែមនុស្សអាក្រក់ម្នាក់រត់រួច” ។

សូមរំលឹកថា ក្រុមហាម៉ាស បានបើកការវាយប្រហារ លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ដែលបង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់ និងបានចាប់យកជនជាតិអ៊ីស្រាអែល ជាច្រើននាក់ធ្វើជាចំណាប់ខ្មាំងផងដែរ ដែលការណ៍នេះ បានធ្វើឲ្យអ៊ីស្រាអែល មិនរងចាំយូរ បានធ្វើការឆ្លើយតប ដោយការបាញ់ស្រោចគ្រាប់ម៉ីស៊ីល លើតំបន់កាហ្សា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សម្រាប់ប៉ាឡេស្ទីន៕

To Top