ព័ត៌មានជាតិ

ពលរដ្ឋចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌជ្រោយចង្វារ ភាគច្រើនស្នើដោះស្រាយ ទុក្ខកង្វល់ប្លង់កម្មសិទ្ធិដីធ្លី

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វារ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់ដែលពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្ក្រាបល្បែងស៊ីសងជាដើម។

ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃ១ វិច្ឆិកា ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក្នុងផ្សារOCIC ។

វេទិកានេះ ប្រជាពលរដ្ឋបានសំណូមឲ្យជួយដោះស្រាយ រឿងមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដី រាជធានីភ្នំពេញ ចេញប្លង់រឹងហើយ ពួកគាត់យកទៅបង់ពន្ធ តែខាងពន្ធដាថា មិនត្រឹមត្រូវ និងមួយចំនួនឲ្យជួយដោះស្រាយ បញ្ហាលិចលង់ភូមិដ្ឋាន ក្នុងនោះ ក៏មានស្នើជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់។ ដោយឡែក ពលរដ្ឋអ៊ីស្លាម ក៏ស្នើសុំមានទីតាំង ចតទូកឲ្យបានសមរម្យដែរ ។

ជាមួយគ្នានោះ អ្នកគ្រូនៅវិទ្យាល័យព្រែកលាប ក៏បានចូលរួមដោយស្នើកិច្ចអន្តរគមន៍ ដោះស្រាយបញ្ហាក្នុងសាលា រឿងសាលាជំនាន់ថ្មី និងជំនាន់ធម្មតា មិនមានតម្លាភាពជាមួយគ្នា និងមានពលរដ្ឋ ស្នើស្ថាបនាផ្លូវ ដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវ និងការសុំឲ្យបង្ក្រាបល្បែងស៊ីសងក្នុងភូមិជាដើម។

ជាមួយនោះដែរ រាល់សំណើ និងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋក្នុងវេទិកានេះ ត្រូវបានលោក ឃ្លាំង ហួត និងស្ថាប័នពាក់ព័ន្ធបានធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ ។

លោក ឃ្លាំង ហួត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុបចំនួន៥៣៩នាក់ ស្រី១៣៦នាក់ ផ្ទាល់មាត់ចំនួន១៤នាក់ ស្មើ១៦ បញ្ហា និងជាលាយលក្ខអក្សរចំនួន២៦ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋ បានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការដោះស្រាយ ។

ចំពោះសំណើសុំកសាងហេដ្ឋាចរនាសម្ព័ន្ធខ្លះ ដែលត្រូវប្រើប្រាស់ថវិកាច្រើន លោក ឃ្លាំង ហួត បានសុំឲ្យពលរដ្ឋរងចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងជូនភ្លាម ។ ដោយឡែក ចំពោះការស្នើសុំបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិ លោកបានឲ្យកម្លាំងប៉ូលីសខណ្ឌ និងកងរាជអាវុធហត្ថ ត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ៕

To Top