ភ្នំពេញ ៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្គាល់ភាព រីកចម្រើននៃបច្ចេកវិជ្ជា ជាពិសេសបច្ចេកវិជ្ចាផ្នែកឌីជីថល ដែលធ្វើឲ្យទំនាក់ទំនងរបស់មនុស្ស នាពេលបច្ចុប្បន្ន កាន់តែខិតជិតគ្នា ប៉ុន្តែស្របពេលរីកចម្រើន បច្ចេកវិជ្ជា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០នេះបានធ្វើឲ្យ ក្រុមអ្នកផលិតវិដេអូ ដែលចាត់ទុកខ្លួនឯងថា “ជ្រកក្រោមពាក្យវីដេអូអប់រំ” បានធ្វើការផ្សព្វផ្សាយ ចែករំលែកនូវស្នាដៃដែលមានរូបភាព ខ្លឹមសារអាសអាភាស បានប្រាសចាកពីក្រម សីលធម៌សង្គមទៅវិញ ។
ដោយសារតែចលនា នៃការរីករាលដាល ពីការចែករំលែកវិដេអូ ដូចដែលមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌លើកឡើងបែបនេះ ទើបបានជាក្រសួង ដែលជាអាណាព្យាបាលមួយនេះ បានបើកសិក្ខាសាលាជាថ្មីម្តងទៀតស្តីពី “ការលើកតម្លៃវប្បធម៌ ៖ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គម” នាថ្ងៃ១ វិច្ឆិកា ។
ក្នុងវេទិកានោះ លោក ហាប់ ទូច មានប្រសាសន៍ថា សីលធម៌សង្គមក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីចរន្តសាកលភាវូបនីយកម្ម បច្ចេកវិជ្ជាទំនើប និង ជាពិសេសការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ដោយពុំបានគិតគូរដល់ផលប៉ះពាល់ នានានាពេលបច្ចុប្បន្ន ស្របជាមួយនឹងការ ផ្សព្វផ្សាយលើកតម្លៃ សីលធម៌សង្គមនៅមានកម្រិត។
លោកថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុងចរន្តនៃការចាប់យកប្រព័ន្ធព័ត៌មានវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាននិងកំពុងប្រើប្រាស់បណ្តាញព័ត៌មានសង្គមមាន Facebook, TikTok, YouTube, Instagram, Telegram ដើម្បីជាមធ្យោបាយភ្ជាប់ទំនាក់ទំនងគ្នា ជាវេទិកាជជែកកំសាន្ត ជាប្រភពទទួលនិង ចែករំលែកព័ត៌មាន រូបភាព វិដេអូ ព្រមទាំងអាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីផលិតផលនិងសេវាកម្មផងក៏មាន។
លោក ហាប់ ទូច បន្តទៀតថា ស្របពេលនឹងការរីកចម្រើននៃបច្ចេកវិជ្ជា ជាពិសេសបច្ចេកវិជ្ចាផ្នែកឌីជីថល ក្នុងសកលលោកបច្ចុប្បន្ន ជួយឲ្យទំនាក់ទំនង រវាងមនុស្សនិងមនុស្ស សង្គមនិង សង្គមកាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គមកាន់តែមានភាពងាយស្រួល ព្រមទាំងមានប្រយោជន៍ សម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកថា “ក៏ប៉ុន្តែបញ្ហាប្រឈមមួយចំនួនក៏កើតឡើង មានគួរឲ្យព្រួយបារម្តផងដែរ ដូចជាការបំប្លែងព័ត៌មានខុសការពិត នាំឲ្យប៉ពាល់ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និងសិទ្ធិបុគ្គល ពិសេសសិទ្ធិស្ត្រីនិងកុមារ ការចែកចាយ ផ្សព្វផ្សាយរូបភាព ដែលមានខ្លឹមសារប៉ះពាលដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើមដែលបណ្តាលមកពីអ្នកប្រកបអាជីវកម្មអនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិតវីដេអូខ្លីមួយចំនួន ពិសេសអ្នកផលិតវីដេអូ ជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែករំលែកនូវស្នាដៃដែលមានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាក ពីក្រមសីលធម៌សង្គម” ។
លោកឲ្យដឹងទៀតថា គោលបំណង និង ភាពចាំបាច់នាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាគិតគូរ រិះរកវិធាននានា ជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។ មិនអាចដាក់ចេញនូវវិធានការណាមួយដែលរារាំងដល់ការបង្កើតថ្មី ការបញ្ចេញនូវមតិយោបល់តាមរយៈការផលិតវីដេអូ ឬមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត តាមបណ្តាញសង្គមនោះទេ។ ក៏ប៉ុន្តែក៏គួរមានវិធានការ សមស្របណាមួយទប់ស្កាត់ផលប៉ះពាល់ទៅលើសិទ្ធបុគ្គល ភាពផូរផង់នៃវប្បធម៌ប្រពៃណី ក៏ដូចជាសន្តិសុខជាតិផងដែរ។
ជាមួយគ្នានេះលោកថា ការលើកតម្លៃវប្បធម៌ និងសីលធម៌សង្គម គឺទាមទារឲ្យ មានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងដោយត្រូវប្រើប្រាស់ គ្រប់មធ្យោបាយដែលមាន ។ ការចូលរួមពីក្រសួងពាក់ព័ន្ធពិសេសក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ហើយពិសេសជាងនោះទៀតគឺការចូលរួមរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះមានសិល្បករ សិល្បការិនី អ្នកសម្តែងក្រៅប្រព័ន្ធ អ្នកផលិតវីដេអូ ឬមាតិកាកម្សាន្ត ព្រមទាំងអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាដើម ៕