ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញ សង្គម និងដោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស កាលពីថ្ងៃ២៩ តុលា ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំ ជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវា វាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះ ទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។
ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏អំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាឈ្នាន់ បម្រើដល់ឧបាយកល របស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវ ចំពោះច្បាប់ថែមទៀត៕