ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានអវិជ្ជមាន របស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី ជាដើម។
តាមរយៈសេចក្ដីណែនាំរបស់ គណៈសង្ឃនាយក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយក បានសង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រាសចាកក្រុមសីលធម៌ អភិសមាចារ វិន័យសង្ឃ និងច្បាប់រដ្ឋ ព្រមទាំងបានធ្វើការវាយប្រហារ ដៀមដាមពីបុគ្គលម្ខាងទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរពីបុរាណរៀងមក ការណ៍នេះជាហេតុបច្ច័យបង្កឲ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ។
ដើម្បីជៀសវាងនូវផលប៉ះពាល់ និងឥទ្ធិពលអាក្រក់ ក៏ដូចជា ការរក្សាបាននូវសេចក្ដីថ្លៃថ្នូរ គុណតម្លៃ ព្រះសង្ឃខ្មែរទូទៅ តម្លៃពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណ សីលធម៌សង្គម និងកិត្យានុភាពជាតិ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា «សូមធ្វើការណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួនតូច ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាសចាកវិន័យសីលធម៌ ហើយប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវរាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ក្នុងនោះរួមមាន៖ សារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់ អុជអាល បំបែកបំបាក់សាមគ្គីភាព ឲ្យខានតែបាន និងរួសរាន់បំផុត»។
ជាមួយគ្នានេះ គណៈសង្ឃនាយក សូមព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌ និងព្រះចៅអធិការគ្រប់វត្តអារាម ធ្វើការណែនាំ ព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យផ្សព្វផ្សាយ និងចែកចាយព័ត៌មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជា សារជាសំឡេង សារជាអក្សរនិងសារជាវីដេអូប្រកបដោយការអប់រំ ឲ្យប្រព្រឹត្តល្អ និងការអប់រំសីលធ៌ម សុវជីវធម៌ ក្នុងផ្លូវវិជ្ជមាន ព្រមទាំងកុសលតែម្យ៉ាង សំដៅនាំមកនូវឧត្តមប្រយោជន៍ដល់ពុទ្ធសាសនា និងសង្គមជាតិ៕