ព័ត៌មានជាតិ

សម្តេចធិបតី ចំអកទៅអ្នករកនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតរបស់សម្តេចថា មនុស្សល្ងង់ ឬរៀនមិនដល់ថ្នាក់បណ្ឌិត

កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់ អ្នកនយោបាយ ចាស់វស្សាមួយរូប ដែលបាន ខិតខំព្យាយាម ស្វែងរកនិក្ខេបបទ ថ្នាក់បណ្ឌិត របស់សម្តេចមិនឃើញថា ជាមនុស្សល្ងង់ ឬអ្នកមិនទាន់រៀន ចប់បណ្ឌិត ។

ទោះជាសម្តេច ហ៊ុន ម៉ាណែត មិនសំដៅចំឈ្មោះជាអ្នកណាម្នាក់ តែប្រាកដជាលោក សម រង្ស៊ី ព្រោះលោក សម រង្ស៊ីជាញឹកញាប់តែងតែរិះគន់លើការសិក្សា និងសញ្ញាបត្ររបស់សម្តេច ដែលបានបញ្ចប់ការសិក្សា នៅអាមេរិកនិងប្រទេស មួយចំនួនទៀតថា ជាសញ្ញាបត្រមិនពិតប្រាកដ ។

ក្នុងវេទិកាជាមួយក្រុមកម្មករ នៅក្រុងតាខ្មៅ ជាថ្មីម្តងទៀតនាព្រឹកថ្ងៃ២ វិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត បានរំលឹកពីការសិក្សា របស់សម្តេច ដែលក្រុមមាននិន្នាការប្រឆាំង នៅតែចាំយកមកធ្វើជាប្រធានបទ ក្នុងការរិះគន់មកសម្តេចថា ” ល្ងាចមិញខ្ញុំភ្ញាក់ ដោយគេផ្ញើវិដេអូ មកឃើញអាម្សៀមួយនោះ ខ្ញុំឈប់ហៅលោកអ៊ុំ ចាស់វស្សាហើយ(សម រង្ស៊ី) បានវាយប្រហាររឿងនិក្ខេបបទសញ្ញាបត្របណ្ឌិត(PHD) របស់ខ្ញុំថា ហ៊ុន ម៉ាណែត សរសេរនិក្ខេប PHD ប្រហែលជាជួលបរទេស សរសេរឲ្យ បានរកមិនឃើញ ។ គាត់ផ្អែកលើជនបរទេស ជាអ្នកកាសែតម្នាក់ ទៅរកដោយរកមិនឃើញ បានជាចុះកាសែត ។ ខ្ញុំថា យ៉ាប់ៗ ឬល្ងង់ម្ល៉េះលោកបើចង់បានមកសុំខ្ញុំមក ខ្ញុំឲ្យ ចាំបាច់ចុះដល់កាសែត» ។

សម្តេចធិបតីលើកឡើងថា គ្រាន់តែនិក្ខេបបទនេះ គ្មានអ្វីត្រូវលាក់បាំងនោះទេ ព្រោះសម្តេចបានសរសេរ អំពីឧស្សាហកម្មសហគ្រាសក្រុមហ៊ុនតូច-មធ្យម ។

សម្តេចធិបតីបន្តថា មានបុរសចំណាស់ ម្នាក់នោះ(សម រង្ស៊ី) បានស្វែងរកតែរកមិនឃើញ ប៉ុន្តែបើសម្តេចសិក្សា ពីប្រវត្តិលោកម្នាក់នោះ ប្រហែលរៀនមិនបានថ្នាក់បណ្ឌិត (PHD)នោះទេ បានជាមិនយល់ ចំពោះការធ្វើនិក្ខេបបទ ថ្នាក់បណ្ឌិត ។ ការធ្វើនិក្ខេបបទនេះ មានរយៈពេល៥ឆ្នាំ ហើយក៏បានធ្វើការ ជាមួយទីប្រឹក្សាជាប់រហូត ដោយគ្មានអ្នកណាម្នាក់ អាចបន្លំបាននោះទេ ។ ពេលចប់ត្រូវឆ្លងកាត់ នូវបណ្តុំនៃសាស្ត្រាចារ្យ ហើយពេលការពារទីប្រឹក្សា មិនបានអនុញ្ញាត ឲ្យចូលស្តាប់នោះទេ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានលើកឡើងទៀតថា មានអ្នកខ្លះថា សម្តេចសរសេរនិក្ខេបបទ គ្មានប្រយោជន៍ មិនជាប់ពាក់ព័ន្ធនឹងកម្ពុជា ប៉ុន្តែសម្តេចថា “ខ្ញុំបានសរសេរអំពីការ អភិវឌ្ឍក្នុងប្រទេសក្រីក្រ ។ ក្នុងនោះខ្ញុំបានចាប់អារម្មណ៍ ចំពោះ សហគ្រាសធុនតូចនិងមធ្យមដែលជា ចលករមួយក្នុងការជំរុញ អភិវឌ្ឍន៍ប្រទេសដែលចំណុចនេះ ក៏ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលដែរ”។

សម្តេចធិបតីក៏បានផ្តាំ ទៅអ្នកនយោបាយចាស់វស្សា ឬម្សៀដែលចាំតែវាយប្រហារក្មេងៗថា គោលនយោបាយគឺ ធ្វើដូចតែគ្នានោះទេ មិនខុសពីអ្វីដែលសម្តេចសរសេរនិក្ខេបបទទេ។

សម្តេចបញ្ជាក់ថា «ខ្ញុំដាក់គោលដៅនូវអ្វីដែលខ្ញុំធ្វើ ខ្ញុំបានចាប់អារម្មណ៍ពីការអភិវឌ្ឍប្រទេសរបស់ខ្ញុំ។ នៅពេលខ្ញុំសរសេរ បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ខ្ញុំបានសរសេរពីការដោះស្រាយ បញ្ហាដីនៅកម្ពុជាដោយប្រើប្រព័ន្ធទីផ្សាយ និងអ្វីដែលរដ្ឋាភិបាលចូលរួម»៕

To Top