កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ ៧ និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដី មកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះ របស់ថ្នល់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន បានឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់ ។
តំណាងក្រុមហ៊ុន CRBC ធ្លាប់បានឱ្យដឹងថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤គីឡូម៉ែត្រ។
គម្រោងនេះ គឺលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជាកម្រិតផ្លូវជាតិលេខ១ ដែលរចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជា៤កន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រ១ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ៤៣ បូក៣០០ ដល់គីឡូម៉ែត្រ ៥០០ បូក៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥ម៉ែត្រ និងសម្រាប់ទីតាំងក្រៅពីនេះ គឺមានទទឹងផ្លូវប្រវែង ២៤.៥ម៉ែត្រ៕
ដោយសហការី