ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។

ក្នុងឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា រាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ដោយសារការវិវត្ត នៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់ លើបទល្មើសមួយចំនួន ដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះ ការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាន នគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួន ជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

ដើម្បីអនុវត្តតួនាទីភារកិច្ច ផ្ដល់ជូនភាព កក់ក្ដៅ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញលើកទឹកចិត្ត ដល់កងកម្លាំង នគរបាលទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នាពេលខាងមុខក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំ តាមអង្គភាពនគរបាល ចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀត ៕
