ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដើម្បីបម្រើនិងតម្កល់ផលប្រយោជន៍ពលរដ្ឋជាអាទិភាព

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់ផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញវិធានការណាមួយ។

សម្តេច ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នាព្រឹកថ្ងៃ៣ វិច្ឆិកា ។

សម្តេច ឃួន សុដារីបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារជួយអន្តរាគមន៍ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។

សម្តេចបញ្ជាក់ថា “យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឲ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់”។

សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប ក្នុងនោះ១២០រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥រូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។ សមាជិករដ្ឋសភា កើតចេញពីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន១៨គណបក្សចូលរួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋជាង៨លាន២សែននាក់ បានចេញទៅបោះឆ្នោត៕

To Top